ព័ត៌មាន
ឯកឧត្តម គីមទី កោមលី បានដឹកនាំក្រុមការងារស្រាវជ្រាវ ចូលរួមសិក្ខាសាលានិងវគ្គបណ្តុះបណ្តាល ស្តីពី "ទំនាក់ទំនងរបស់ធនាគារកណ្តាល"
០៤ កញ្ញា ២០២៣

ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមការងារស្រាវជ្រាវ ចូលរួមសិក្ខាសាលានិងវគ្គបណ្តុះបណ្តាល ស្តីពី "ទំនាក់ទំនងរបស់ធនាគារកណ្តាល"  នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ចាប់ពី ថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលបឋមនៃការស្រាវជ្រាវដែលក្រុមការងារស្រាវជ្រាវធនាគារជាតិនៃកម្ពុជា និងសាកលវិទ្យាល័យ Hanyang បានសហការស្រាវជ្រាវរួមគ្នាក្នុងរយៈពេល៣ខែកន្លងមក ក្រោមកម្មវិធីភាពជាដៃគូនៃការចែករំលែកចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ (KPP)។ ជារួម ក្រុមការងារទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងបានពិភាក្សានិងផ្តល់ជាមតិយោបល់ដែលជាធាតុចូលបន្ថែមសម្រាប់កែលម្អ  និងរួមបញ្ចូលទៅក្នុងរបាយការណ៍ស្រាវជ្រាវដែលនឹងត្រូវបញ្ចប់នៅក្នុងអំឡុងខែធ្នូឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គីមទី កោមលី បានថ្លែងអំណរគុណដល់ធនាគារកណ្តាលកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជានាពេលកន្លងមក តាមរយៈទស្សនកិច្ចសិក្សា និងការកសាងសមត្ថភាព ជាដើម។