ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានទទួលជួបលោកបណ្ឌិត Kouqing Li ប្រធានអង្គភាព AMRO និងក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣
១៣ កញ្ញា ២០២៣

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបលោកបណ្ឌិត Kouqing Li ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ លោកបណ្ឌិត Kouqing Li បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ AMRO និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសាភិបាលរង ជាពិសេសធនាគារជាតិនៃកម្ពុជាដែលតែងតែគាំទ្រ AMRO និងផ្តល់កិច្ចសហការល្អក្នុងការអនុវត្តការងាររបស់ AMRO នាពេលកន្លងមក។ លើសពីនេះ ក្រុមបេសកកម្មក៏បានបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម។ ក្រុមបេសកកម្មក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីដោះស្រាយហានិភ័យ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមដែលកម្ពុជាបាននិងកំពុងជួបប្រទះ ផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាលរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ AMRO ដែលបានគាំទ្រធនាគារជាតិនៃកម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន+៣ កាលពីឆ្នាំកន្លងទៅ ព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបានទៅហ្វឹកហាត់ការងារដោយផ្ទាល់នៅ AMRO ជារៀងរាល់ឆ្នាំ។