១២ កញ្ញា ២០២៣
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អមដំណើរដោយមន្រ្តីជាន់ខ្ពស់ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ កិច្ចប្រជុំក្រុមការងារ និងវេទិកាគោលនយោបាយសកល នៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) សហការជាមួយធនាគារកណ្តាលហ្វីលីពីន ដោយមានការចូលរួមពីអ្នករៀបចំគោលនយោបាយ មន្រ្តីធនាគារកណ្តាល អាជ្ញាធរត្រួតពិនិត្យ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសាធារណៈនិងឯកជននានា ប្រមាណ ៧០០ នាក់។ កម្មវិធីខាងលើបានពិភាក្សាអំពីគោលនយោបាយនិងការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងនិរន្តរភាពហិរញ្ញវត្ថុ ជាពិសេសលើប្រធានបទពាក់ព័ន្ធនឹងការប្រមូលទិន្នន័យ ការរៀបចំយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ការជំរុញប្រព័ន្ធទូទាត់សងប្រាក់ ការលើកកម្ពស់សិទ្ធិអតិថិជននិងការអនុវត្តទីផ្សារ ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្បម ហិរញ្ញប្បទានបៃតងនិងប្រកបដោយចីរភាព និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ដើម្បីការរីកចម្រើនដោយសមភាព និងការកំណត់ទិសដៅអនុវត្តបន្តទៀតផងដែរ។
ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចប្រជុំទ្វេភាគីជាមួយនាយកប្រតិបត្តិសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ និងអង្គការក្រុមប្រឹក្សាយោបល់សម្រាប់ជួយដល់ជនក្រីក្រ (CGAP) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងទិសដៅអនាគតនៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។