ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA
០៦ កញ្ញា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណង៖ i/-បន្តកិច្ចពិភាក្សាលើការអភិវឌ្ឍឌីជីថលក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ii/-ចែករំលែកវឌ្ឍនភាពលើការពង្រីកវិសាលភាពនៃមុខងារប្រព័ន្ធបាគងពីក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA និង iii/-ការគាំទ្របរិយាបន្នហិរញ្ញវត្ថុ។ កិច្ចប្រជុំបានលើកឡើងអំពីវឌ្ឍនភាពនៃការទូទាត់ឌីជីថលនៅប្រទេសកម្ពុជានិងក្នុងតំបន់ វឌ្ឍនភាពនៃការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនឹងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនិងឌីជីថល និងការដាក់ចេញគោលការណ៍សុវត្ថិភាពដើម្បីគ្រប់គ្រងប្រតិបត្តិការទូទាត់ឌីថីថល។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះវឌ្ឍនភាព និងកិច្ចគាំទ្ររបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន VISA បន្តអនុវត្តការងារ ដោយផ្តោតលើការលើកកម្ពស់ការទូទាត់ជាប្រាក់រៀល ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលរបស់ប្រជាជននៅតាមជនបទ និងបន្តពង្រឹងសុវត្ថិភាពប្រតិបត្តិការទូទាត់ដោយសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។