ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាវ៉ាឌូស (Vaduz Roundtable) ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុ ឆ្នាំ២០២៣”
១៥ កញ្ញា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាវ៉ាឌូស (Vaduz Roundtable) ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុ ឆ្នាំ២០២៣” នៅរាជធានីវ៉ាឌូស ប្រទេសលិចតិនស្តាញ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញពីព្រះអង្គម្ចាស់ Michael នៃប្រទេសលិចតិនស្តាញ និងសាស្ត្រាចារ្យ Thomas Puschmann នាយកគ្រប់គ្រងវិទ្យាស្ថាន Swiss FinTech Innovation Lab។

វេទិកានេះមានការចូលរួមដោយវាគ្មិនឆ្នើមដែលមកពីសាកលវិទ្យាល័យល្បីៗដូចជា Oxford Cambridge និង MIT ក៏ដូចជាក្រុមហ៊ុនឯកជន និយ័តករដូចជា Mastercards Bill and Malinda Gates Foundation AutoPay ធនាគារកណ្ដាលអង់គ្លេស ធនាគារកណ្ដាលស្វ៊ីស ជាដើម ដើម្បីពិភាក្សា និង ផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងគោលបំណងលើកកម្ពស់ការច្នៃប្រឌិតនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុ។

ប្រធានបទសំខាន់ៗមួយចំនួនបានរួមបញ្ចូលនូវ តួនាទីរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់និរន្តភាពកសិកម្ម ការប្រើប្រាស់គ្រឿងយន្ត (Robots) ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបទប្បញ្ញត្តិនានាសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ។