១៦ កញ្ញា ២០២៣
ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្ដក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានអញ្ជើញចូលរួមក្នុងវេទិកាចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាឱ្យស៊ីជម្រៅនិងផ្លាស់ប្ដូរបទពិសោធន៍លើកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុចិន-អាស៊ាន ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេវាហិរញ្ញវត្ថុសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ”។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារកណ្ដាលនិងអាជ្ញាធរហិរញ្ញវត្ថុនៃបណ្តាប្រទេសសមាជិកអាស៊ាន គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសរបស់ចិននិងក្នុងតំបន់ រួមទាំងអ្នកជំនាញ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ បរិបទសេដ្ឋកិច្ចពិភពលោកនិងតំបន់ សារៈសំខាន់នៃកិច្ចសហប្រតិបត្ដិការនិងការផ្សារភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរវាងប្រទេសចិននិងអាស៊ាន ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការទូទាត់ពាណិជ្ជកម្ម ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។
ជាមួយគ្នានេះ គណៈប្រតិភូនៃធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការរូបិយវត្ថុចិន-អាស៊ាន និងការរួមគ្នាសម្រាប់អនាគតរួមសហគមន៍ចិន-អាស៊ាន។ គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីចែករំលែកបទពិសោធន៍និងប្រមូលធាតុចូលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ាន។ កិច្ចពិភាក្សានេះក៏បានលើកឡើងអំពីពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសចិននិងអាស៊ាន ព្រមទាំងការគាំទ្រការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការទូទាត់ឆ្លងប្រទេសផងដែរ។