១៨ កញ្ញា ២០២៣
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជាន់ខ្ពស់ ដែលជាការសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (NBC-SEACEN-BIS) លើកទី១៦ នៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ សិក្ខាសាលាជាន់ខ្ពស់នេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់ថ្នាក់រៀបចំគោលនយោបាយ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងតំបន់។ នៅឆ្នាំ២០២៣នេះ សិក្ខាសាលាបានជ្រើសរើសប្រធានបទស្តីពី “ការរឹតបន្តឹងនយោបាយរូបិយវត្ថុ និងផលប៉ះពាល់មកលើស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់អាស៊ី” ដោយមានការចូលរួមពីសមាជិកស៊ាសិនចំនួន ១៩ ប្រទេស ព្រមទាំងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមមាន លោកបណ្ឌិត Bo Li អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកបណ្ឌិត Tao Zhang ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ និងវាគ្មិនកិត្តិយសមកពីសាកលវិទ្យាល័យធំៗជាច្រើនផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកជំទាវ ទេសាភិបាល បានលើកឡើងថា ពិភពលោកនិងតំបន់អាស៊ី កំពុងប្រឈមនឹងហានិភ័យនិងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត។ បញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងធ្វើឱ្យមានការកើនឡើងគម្លាតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក ដែលនឹងអាចបន្ថយល្បឿនកំណើនពាណិជ្ជកម្មនិងការវិនិយោគ។ ដោយឡែក ការបង្កើនអត្រាការប្រាក់ដោយធនាគារកណ្តាលនៃប្រទេសធំៗ ដើម្បីប្រឆាំងនឹងអតិផរណា បានធ្វើឱ្យប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការថយចុះលំហូរមូលធន ការថយថ្លៃរូបិយវត្ថុ និងបានជំរុញឱ្យប្រទេសទាំងនេះ ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន។ ក្នុងស្ថានភាពនេះ ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍មិនត្រឹមតែត្រូវគ្រប់គ្រងសម្ពាធអតិផរណា និងអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់រក្សាហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុផងដែរ។
ជាដំណោះស្រាយ លោកជំទាវក៏បានលើកឡើងពីការពង្រឹង និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចចម្រុះ ដែលសមស្របសម្រាប់ឆ្លើយតបនឹងហានិភ័យសក្តានុពលដែលអាចនឹងកើតឡើង។ ទន្ទឹមនេះ ប្រទេសនីមួយៗគួរបន្ស៊ីការអនុវត្តគោលនយោបាយចម្រុះ ស្របតាមស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន។
ម្យ៉ាងទៀត នយោបាយរូបិយវត្ថុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ ដូច្នេះ អាជ្ញាធរគួរគិតគូល្អិតល្អន់ពីការផលប៉ះពាល់នៃការអនុវត្តនយោបាយដើម្បីសម្រេចបានគោលដៅរក្សាស្ថិរភាពថ្លៃនិងស្ថិរភាពហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការតំបន់និងពិភពលោកនឹងកាត់បន្ថយហានិភ័យនៃការកើនឡើងគម្លាតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោកផងដែរ ដែលនឹងគាំទ្រដល់កំណើនពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិ។
លោកជំទាវ ក៏បានជម្រាបជូនអង្គប្រជុំពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ និងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការងើបឡើងនៃសេដ្ឋកិច្ចនិងការដោះស្រាយបញ្ហាប្រឈមនានា។