០៦ ឧសភា ២០១៤
អនុលោមតាមអនុក្រឹត្យលេខ១៧៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការចេញផ្សាយធនប័ត្រ ប្រភេទ ៥០០០០ រៀល គំរូថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្មាយុ ៦១ យាងចូល ៦២ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បោះផ្សាយ ទន្ទឹមគ្នានឹងធនប័ត្រផ្សេងទៀត និងដាក់ឱ្យចរាចរធនប័ត្រគំរូថ្មី ប្រភេទ ៥០០០០ រៀល ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នេះតទៅ ។
ក- លក្ខណៈទូទៅ ៖
- ទំហំធនប័ត្រ ៖ បណ្តោយ ១៥៥ មម និងទទឹង ៧២ មម
- ពណ៌ចម្បង គឺពណ៌ស្លាទុំ និងពណ៌ត្នោត
ខ- ផ្ទៃខាងមុខ ៖
- ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍មើលពីមុខ បញ្ឆិតចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ខាងឆ្វេងមានលេខ “៥០០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំង រូបជើងពានទ្រព្រះខ័នព័ទ្ធជុំវិញ ដោយកម្រងផ្កានិងក្បាច់ភ្ញីទេស និងនៅខាងក្រោមមានលេខ-មាលា ដែលបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៧ ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទបាលីលេយ្យជិតអង្គរធំ និងអក្សរ “ប្រាំម៉ឺនរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ និងមានខ្សែសុវត្ថិភាពទំហំ ១,២ មម កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។
- ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងមានលេខ-មាលា ដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ “៥០០០០” និង “50000” នៅបន្តបន្ទាប់គ្នា ។
- ផ្នែកខាងឆ្វេង មានលេខ “50000” ព្រាលៗ ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមាន Hologram ទំហំ ១០ មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកម្រិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់ ពីលើដល់ក្រោម ។
គ- ផ្ទៃខាងខ្នង ៖
- ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាគងនៃក្រុមប្រាសាទរលួស ក្នុងខេត្តសៀមរាប និងមានអក្សរ “ប្រាំម៉ឺនរៀល” នៅពីក្រោមនោះ ។
- ផ្នែកខាងស្តាំ មានរូបភាពកូនដំរីឈរទម្លាក់ប្រមោយចុះក្រោម ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទកោះកេរ ក្នុងឃុំស្រយ៉ង់ ខេត្តព្រះវិហារ និងមានលេខ “៥០០០០” នៅពីក្រោមនោះ ព្រមទាំងលេខ “50000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកៀនខាងស្តាំ ។
- ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និង “NATIONAL BANK OF CAMBODIA” នៅបន្តបន្ទាប់គ្នា ព្រមទាំងលេខ “២០១៣” នៅពីក្រោមនោះ និងនៅជ្រុងខាងក្រោម មានលេខ “៥០០០០” ។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ៥០០០០រៀល គំរូថ្មី ត្រូវបានដាក់ឲ្យធ្វើចរាចរ ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រគំរូថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភាន់ច្រឡំ។