ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា
០៤ តុលា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ កិច្ចពិភាក្សាក្នុងជំនួបនេះបានផ្តោតសំខាន់លើកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនាពេលកន្លងមក និងការផ្លាស់ប្តូរទស្សនពីគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែកដល់ការរីកចម្រើនវិស័យធនាគារនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ 

ឯកឧត្តម Cherdkiat Atthakor បានយកឱកាសនេះអបអរសាទរលោកជំទាវបណ្ឌិត ជា សិរី ក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានរំលេចពីភាពលេចធ្លោរបស់លោកជំទាវ ដែលតែងផ្តួចផ្តើមបង្កើតគម្រោងថ្មីៗប្រកបដោយនវានុវត្ត៍ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។ ឯកឧត្តម Cherdkiat Atthakor ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិនានា និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន រួមទាំងការបង្កើតសារៈមន្ទីរព្រះស្រីឦសានវរ្ម័នដែលបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា។ 

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ជូនថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចចែករំលែកបទពិសោធន៍លើការងារជំនាញ ការទទួលអាហារូបករណ៍សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជាទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ និងជាពិសេសកិច្ចសហការលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។ ជាក់ស្តែង ប្រទេសថៃ គឺជាប្រទេសដំបូងគេដែលប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែន ដែលកិច្ចសហការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។