១៨ តុលា ២០២៣
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Davide Furceri ជាប្រធានក្រុមបេសកកម្ម ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែតុលា ឆ្នាំ២០២៣។ បេសកកម្ម ត្រូវបានធ្វើឡើងតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ ២០២៣ និងទស្សនវិស័យអនាគត។
លោកជំទាវ បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ក្រុមបេសកកម្ម ដែលតែងតែផ្តល់ការវាយតម្លៃស៊ីជម្រៅលើវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងលើកឡើងពីអនុសាសន៍គោលនយោបាយ សម្រាប់ជាជម្រើសក្នុងការអនុវត្ត ដើម្បីគាំទ្រការអភិវឌ្ឍនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
លោកជំទាវ បានជម្រាបជូនផងដែរ ពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈម ព្រមទាំងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត សំដៅគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច និងទប់ទល់នឹងហានិភ័យនានា ជាពិសេសដោយសារភាពមិនប្រាកដប្រដានៃសេដ្ឋកិច្ចពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស។ លោកជំទាវ ក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពិភាក្សាលម្អិតជាមួយក្រុមបេសកកម្ម ដើម្បីផ្លាស់ប្តូរការវាយតម្លៃ និងផ្តល់ជាព័ត៌មាន និងទិន្នន័យបន្ថែមដល់ក្រុមបេសកកម្ម។