ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជួបសម្តែងការគួរសម
១៩ តុលា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជួបសម្តែងការគួរសម អបអរសាទរ និងជម្រាបជូនអំពីវឌ្ឍនភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ បន្ទាប់ពី លោកជំទាវ ទេសាភិបាល បានជ្រាបអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់សមាគម លោកជំទាវទេសាភិបាល  បានផ្តល់នូវអនុសាសន៍ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ រួមមាន ១/- លើកកម្ពស់ភាពធន់ និងនិរន្តរភាពរបស់សមាជិកនិងវិស័យ ២/- បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងឥរិយាបថជាវិជ្ជាមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន ៣/- ពង្រឹងសមត្ថភាពធនធានមនុស្ស និងការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទាន ៤/- ត្រូវសិក្សា និងចងក្រងជាឯកសារអំពីក្រុមហ៊ុនផ្តល់ឥណទានខុសច្បាប់ មុននឹងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និង ៥/-សូមលើកទឹកចិត្តបន្តវប្បធម៌សន្ទនាឱ្យបានច្រើននិងជាប្រចាំរវាងវិស័យឯកជន និងអាជ្ញាធរ ដែលជាការបង្ហាញអំពីការសហការគ្នាក្នុងការដោះស្រាយបញ្ហា និងជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។