២៩ កញ្ញា ២០២៣
ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ - លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អមដំណើរដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD)។
កិច្ចពិភាក្សាក្នុងជំនួបនេះបានគ្របដណ្តប់លើប្រធានបទជាច្រើនស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AFD នៅកម្ពុជានាពេលកន្លងមក និងជាពិសេសការប្តេជ្ញាចិត្តរបស់ AFD ក្នុងការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាននិងជំនួយបច្ចេកទេសសំដៅពង្រឹងនិងពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ។
ឯកឧត្តម Jacques Pellet បានចាប់ផ្តើមកិច្ចពិភាក្សាដោយអបអរសាទរដល់លោកជំទាវបណ្ឌិត ជា សិរី ក្នុងតួនាទីជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា បន្ទាប់មកលោកស្រី Sandrine Boucher បានរៀបរាប់ពីសកម្មភាពការងាររបស់ AFD នៅកម្ពុជាដែលរួមមានដូចជាការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នហិរញ្ញវត្ថុនានារួមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សំដៅគាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័ននិងរួមចំណែកលើកកម្ពស់គោលកាណ៍ការពារអតិថិជន។
លោកស្រី Sandrine Boucher បានបញ្ជាក់ថា AFD ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងរីករាយបន្តកិច្ចសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ AFD លើផ្នែកផ្សេងទៀតដូចជា ហិរញ្ញប្បទានបៃតង ថាមពល ទឹកស្អាត និងអគ្គីសនី ជាដើម។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ជា សិរី បានកោតសសើរដល់ AFD ដែលបានចូលរួមគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក និងបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ AFD ក្នុងការបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្ថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។
លោកជំទាវទេសាភិបាលក៏បានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលជាពិសេសសម្រាប់មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រីកវិសាលភាព និងគុណភាពសិក្សារួមទាំងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សា។ ក្រៅពីនេះ លោកជំទាវទេសាភិបាល ក៏បានស្នើឱ្យ AFD ជួយពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកលើផ្នែកគ្រប់គ្រងសារមន្ទីនិងជំនាញទាក់ទងធនាគារកណ្តាលតាមរយៈការផ្តល់អាហារូបករណ៍ ឬការចែករំលែកជំនាញពីជំនាញការប្រទេសបារាំង។