ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានពិភាក្សាការងារជាមួយប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា
២៤ តុលា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Jens Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ 

កិច្ចប្រជុំបានផ្តល់ឱកាសដល់ក្រុមវិនិយោគិនអឺរ៉ុប ជ្រាបអំពីវឌ្ឍនភាពនិងទស្សនវិស័យសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុកម្ពុជា។ ឆ្លើយតបទៅកាន់ក្រុមវិនិយោគិនអឺរ៉ុបដែលលើកឡើងពីបញ្ហាប្រឈមនិងការសាកសួរដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា លោកជំទាវ ទេសាភិបាល បានរំលេចពីសក្តានុពលជាច្រើនរបស់កម្ពុជា ដែលផ្តល់លក្ខណៈអំណោយផលដល់វិនិយោគិនអឺរ៉ុបក្នុងការបណ្តាក់ទុន។ លោកជំទាវ ទេសាភិបាល បានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជាកត្តាគ្រឹះដែលរួមចំណែកធ្វើឱ្យកម្ពុជារក្សាបានកំណើនខ្ពស់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ ហើយភាពរឹងមាំនៃមូលដ្ឋានសេដ្ឋកិច្ចនេះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ-១៩។ 
កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងនិងសកម្មច្រើន ដែលអាចបម្រើធុរកិច្ចគ្រប់វិស័យរបស់វិនិយោគិន ព្រោះថាប្រជាជនកម្ពុជាប្រមាណ ៦០% នៃប្រជាជនសរុបមានអាយុក្រោម ៣៥ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាជាសមាជិកអាស៊ាន និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានជាមួយប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ លើសពីនេះ កម្ពុជាក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ប្រមាណ ៣០% នៃចំនួនប្រជាជន និងសេដ្ឋកិច្ចពិភពលោក។

នៅឆ្នាំ២០២៣នេះ ពិតមែនតែពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយក្តី សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើនក្នុងអត្រា ៥,៥%។ អត្រាប្តូរប្រាក់មានស្ថិរភាពល្អ ហើយអតិផរណាមានកម្រិតទាប។ ជាមួយនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មនិងដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ការវិនិយោគក្នុងវិស័យអាទិភាពនានាត្រូវបានលើកទឹកចិត្ត សំដៅធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចនិងលើកកម្ពស់ផលិតភាព។ ទន្ទឹមនេះ ប្រព័ន្ធធនាគារកម្ពុជារក្សាបានស្ថិរភាពរឹងមាំ និងរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។ វត្តមានរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការគ្រប់គ្រងហានិភ័យឥណទាន តាមរយៈការផ្ទុកនិងចែករំលែកប្រវត្តិឥណទាននិងការទូទាត់សងត្រលប់របស់អតិថិជន។ ធនាគារជាតិនៃកម្ពុជា ក៏បានលើកកម្ពស់កាន់តែទូលំទូលាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន តាមរយៈការបញ្ចូលមុខវិជ្ជាហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅ ការចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននានា និងផលិតវីឌីអូអប់រំផ្សព្វផ្សាយតាមបណ្តាញសង្គម ជាដើម។ ម្យ៉ាងទៀត ប្រព័ន្ធធនាគារកម្ពុជាក៏បានរួមចំណែកយ៉ាងសកម្មដល់ការគាំទ្រចំពោះវត្តិករសាស្រ្ត (Taxonomy) ដែលសំដៅដល់ការផ្តល់ឥណទានប្រកបដោយចីរភាព (ឥណទានបៃតង) ស្របតាមនិន្នាការតំបន់និងពិភពលោក។ 

ចំពោះប្រព័ន្ធទូទាត់ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដែលបានសម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ ផ្តល់ភាពងាយស្រួលក្នុងការទូទាត់ការទិញ-លក់ទំនិញនិងសេវា ឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាពនិងឆាប់រហ័ស និងតម្លៃសមរម្យ។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជាក៏បានធ្វើសមាហរណកម្មជាមួយប្រព័ន្ធទូទាត់នានាក្នុងតំបន់ជាបន្តបន្ទាប់ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគនិងពាណិជ្ជកម្មឆ្លងដែន និងទេសចរណ៍។ 

ក្រៅពីនេះ លោកជំទាវបានបញ្ជាក់ថា កាលពីសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមអភិវឌ្ឍនាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដុល្លារូបនីយកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការទាក់ទាញការវិនិយោគផ្ទាល់បរទេសមកកម្ពុជា។ ចាប់ពីទសវត្សរ៍ឆ្នាំ២០០០មក សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ក៏បានលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាប្រចាំផងដែរ ដោយសារការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដែលជានយោបាយម៉ាក្រូសេដ្ឋកិច្ចមួយដ៏ចាំបាច់ក្នុងការរក្សាភាពធន់និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។