ព័ត៌មាន
ឯកឧត្តម យឹម លាត អញ្ជើញចូលរួមជាអធិបតី ថ្លែងសុន្ទរកថាបិទ និងប្រគល់វិញ្ញានបនប័ត្រជូនដល់សិក្ខាកាមក្នុងសិក្ខាសាលា ស្តីពី “តួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធានានូវការអនុវត្តកិច្ចការពារ អតិថិជនប្រកបដោយប្រសិទ្ធភាព”
២៤ តុលា ២០២៣

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ថ្លែងសុន្ទរកថាបិទ និងប្រគល់វិញ្ញានបនប័ត្រជូនដល់សិក្ខាកាម ដែលជាភាគទុនិក ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសិក្ខាសាលា ស្តីពី “តួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធានានូវការអនុវត្តកិច្ចការពារ អតិថិជនប្រកបដោយប្រសិទ្ធភាព”។ ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជាបានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំសិក្ខាសាលានេះ បានចំនួន ៨ វគ្គ និងមានអ្នកចូលរួមសរុបប្រមាណជាង ៣១៦ រូប។ សិក្ខាសាលានេះ មានគោលបំណងបង្កើនអភិបាលកិច្ច និងពង្រឹងយន្តការកិច្ចការពារអតិថិជន ដោយផ្តោតសំខាន់លើ៖ ១/-ការពង្រឹងភាពជាអ្នកដឹកនាំ និងសមត្ថភាពបច្ចេកទេសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ២/-រចនាសម្ព័ន្ធនៃភាពជាអ្នកដឹកនាំ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ៣/-តម្លាភាពនៃព័ត៌មានរបស់ស្ថាប័ន ៤/-ការចូលរួមរបស់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិទាំងអស់ និង ៥/-ការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្ស។