ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”
២៧ តុលា ២០២៣

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជូនដល់អាជ្ញាធរមូលដ្ឋាននៅខេត្តសៀមរាប ក្នុងគោលដៅបន្តអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ ជាពិសេសសេវាមីក្រូហិរញ្ញវត្ថុ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាលរង បានលើកឡើងពីគុណតម្លៃនៃសន្តិភាពដែលនាំឱ្យមានការរីកចម្រើននិងការអភិវឌ្ឍប្រទេស ព្រមទាំងបានលើកឡើងអំពីប្រវត្តិនៃការកសាងឡើងវិញនៃវិស័យធនាគារ ការបោះផ្សាយឡើងវិញនិងសារៈសំខាន់នៃប្រាក់រៀល និងតួនាទីយ៉ាងសំខាន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការនៅតាមតំបន់ជនបទ ដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានកិច្ចការពារតាមផ្លូវច្បាប់ និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ក៏បានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ ដូចជា ការបោកប្រាស់ក្នុងការផ្ទេរប្រាក់ ការលួចព័ត៌មានគណនីធនាគារតាមបណ្តាញសង្គម ការផ្តល់កម្ចីក្រៅផ្លូវការ និងការដើរប្រមូលប្រាក់ក្នុងរូបភាពជាការវិនិយោគ  ព្រមទាំងត្រូវមានការគិតគូរនិងការពិចារណាឱ្យបានម៉ត់ចត់ចំពោះការខ្ចីប្រាក់ដើម្បីវិនិយោគលើដីឡូតិ៍ ជាដើម។ ឯកឧត្តម ក៏បានក្រើនរំលឹក និងហាមដាច់ខាតចំពោះការរក្សាទុកឯកសារយថាភូតច្បាប់ដើម ដូចជា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួរសាររបស់អតិថិជនសម្រាប់ធានាលើឥណទាន។ ទន្ទឹមនេះ សិក្ខាសាលានេះក៏បានលើកឡើងវិធានការរបស់ធនាគារជាតិនៃកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ និងចំណេះដឹងបឋមនិងសំខាន់មួយចំនួនសម្រាប់ការប្រើប្រាស់សេវាឥណទាន ព្រមទាំងផ្តល់ឱកាសដល់អាជ្ញាធរមូលដ្ឋានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។