ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ានលើកទី៨
២៦ តុលា ២០២៣

ធនាគារជាតិនៃកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ានលើកទី៨ លើប្រធានបទ “ការលើកកម្ពស់អភិបាលកិច្ចក្នុងបរិយាកាសនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីលើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុងប្រកបដោយស្តង់ដារវិជ្ជាជីវៈ សំដៅពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃធនាគារកណ្តាល ក៏ដូចជាផ្តល់ឱកាសដល់មន្រ្តីសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ាន ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីថ្នាក់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនករជាន់ខ្ពស់មកពីធនាគារកណ្តាលនៃប្រទេសជាសមាជិកអាស៊ាន  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារកណ្តាលប្រទេសអូស្ត្រាលី។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានរំលេចថា ការលើកកម្ពស់អភិបាលកិច្ចគឺជាតួនាទីដ៏សំខាន់របស់សវនករផ្ទៃក្នុង ក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន។