ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបលោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
៣១ តុលា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបលោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោយពីបានបំពេញបេសកកម្មពិគ្រោះយោបល់មាត្រាទី IV (Article IV Consultation) ប្រចាំឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី១៨-៣១ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងជំនួបនេះ ក្រុមបេសកកម្មបានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងអនុសាសន៍ផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានា សំដៅបន្តរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្រុមបេសកកម្មបានព្យាករថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង ក្នុងអត្រា ៥,៣% ខ្ពស់ជាងឆ្នាំ២០២២ជាមួយនឹងអត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២,៣% ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។
ទន្ទឹមនឹងការវាយតម្លៃនេះ ក្រុមបេសកកម្មក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងនយោបាយរូបិយវត្ថុនិងម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះ ភាគច្រើនធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងគ្រោងដាក់ចេញ នាពេលខាងមុខ ដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពប្រព័ន្ធធនាគារនិងវិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។ 
ជារួម លោកជំទាវ បានស្វាគមន៍ការវាយតម្លៃ ទស្សនវិស័យ ក៏ដូចជាអនុសាសន៍របស់ក្រុមបេសកកម្ម ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។