ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច”
១០ វិចិ្ឆកា ២០២៣

ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលានេះ បន្ទាប់ពីលោក Kazumasa Sanui ប្រធានតំណាង JICA ប្រចាំកម្ពុជា។ បន្ទាប់មក លោក Hidenobu Okuda សាស្ត្រាចារ្យសាកលវិទ្យាល័យ Teikyo University នៅប្រទេសជប៉ុន បានបង្ហាញដោយសង្ខេបអំពីខ្លឹមសារសៀវភៅ។
អ្នកស្រាវជ្រាវមកពីធនាគារជាតិនៃកម្ពុជា និង JICA បានធ្វើបទបង្ហាញ អំពីរបកគំឃើញនៃគម្រោងសិក្សាស្រាវជ្រាវ “ដុល្លារូបនីយកម្មនៅកម្ពុជា” អមដោយកម្មវិធីសំណួរ-ចម្លើយ។ មុននឹងបញ្ចប់ វាគ្មិនក៏បានចូលរួមពិភាក្សាយ៉ាងស៊ីជម្រៅ ជុំវិញស្ថានភាពដុល្លារូបនីយកម្ម យុទ្ធសាស្ត្រ និងគោលនយោបាយលើកកម្ពស់ប្រាក់រៀលនៅកម្ពុជាផងដែរ។