ព័ត៌មាន
ឯកឧត្តម យឹម លាត បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់ពានរង្វាន់សម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុថ្នាក់តំបន់ប្រចាំឆ្នាំ២០២៣
០៧ ធ្នូ ២០២៣

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់ពានរង្វាន់សម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុថ្នាក់តំបន់ប្រចាំឆ្នាំ២០២៣ (Regional Financial Education Excellence Award 2023) របស់ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជូនដល់ជ័យលាភីមកពីប្រទេសចំនួន ៥ គឺ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ កម្មវិធីនេះមានគោលបំណងចម្បងៗ ចំនួន ៣ គឺ៖ ១/-គាំទ្រការអប់រំផ្នែកហិរញ្ញវត្ថុដល់សិស្សអាយុចាប់ពី ៩ ដល់ ១២ ឆ្នាំ នៅតាមសាលារៀននៃប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកម្មវិធីគំនូរជីវចល ២/-ទទួលស្គាល់ និងអបអរសាទរដល់ជ័យលាភីតាមក្រុមដូចជា៖ សាលារៀន គ្រូបង្រៀន សិស្ស និងគ្រួសារ ដែលបានចូលរួម និងខិតខំយ៉ាងសកម្មក្នុងការគាំទ្រកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ និង ៣/-ជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងចំណោមសិស្ស និងក្រុមគ្រួសាររបស់ពួកគេ។