០៨ ធ្នូ ២០២៣
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី ៨ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី Subathirai Sivakumaran ប្រធានផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ព្រមទាំងមានវត្តមានចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។
អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង កាលពីថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឈប់ទទួលគម្រោងវិនិយោគថ្មីលើផលិតកម្មអគ្គិសនីដើរដោយធ្យូងថ្ម និងពិនិត្យលទ្ធភាពបញ្ចប់ប្រតិបត្តិការរោងចក្រកំពុងដំណើរការមុនកាលកំណត់ក្នុងកិច្ចសន្យា។
តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពបង្វែរគម្រោងបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មមួយមានអនុភាព ៧០០ ម៉េហ្គាវ៉ាត់ ឱ្យទៅជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ដែលប៉ះពាល់បរិស្ថានតិចជាងវិញ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះដែរ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ក្រសួង-ស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ និងសហគ្រាសឯកជន ឱ្យចូលរួមសហការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព។