១១ ធ្នូ ២០២៣
ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងពិធីនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា តំណាងឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានប្រគល់ស្លាកថ្លែងអំណរគុណជូន ឯកឧត្តមបណ្ឌិត អគ្គទេសាភិបាលកិត្តិយស ចំពោះវីរៈភាពដឹកនាំនៃការកសាងប្រព័ន្ធធនាគារនៅកម្ពុជាចាប់តាំងពីប្រព័ន្ធធនាគារមួយថ្នាក់ (Mono-Banking) ទៅជាប្រព័ន្ធធនាគារពីរថ្នាក់( Two-tier Banking) ពីការវិនិយោគដោយរដ្ឋ មកជាការវិនិយោគឯកជន ទាំងក្នុងស្រុក និងបរទេស។ ឯកឧត្តមបណ្ឌិត អគ្គទេសាភិបាលកិត្តិយស បានមានប្រសាសន៍ថា ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិ និយាយជារួម និងប្រព័ន្ធធនាគារនៅកម្ពុជា និយាយដោយឡែក គឺអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ។