ព័ត៌មាន
ពិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពី “ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (Unified QR Code-Based Payment)
១៨ ធ្នូ ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពី “ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (Unified QR Code-Based Payment) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ 
 
ពិធីហត្ថលេខានេះរៀបចំឡើងក្រោមសហអធិបតីយភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន នៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ជប៉ុន ដែលបានប្រព្រឹត្តិទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
 
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ក្របខណ្ឌជាក់លាក់ សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ដ៏ងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាព។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ចរាចរណ៍រូបិយវត្ថុជាតិ ព្រមទាំងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសក្តានុពលថែមទៀតផងដែរ។

ប្រភពរូបថត៖ គេហទំព័រហ្វេសប៊ុកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា