ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត ធនាគារជាតិរវ៉ាន់ដា
០៧ មិថុនា ២០២៤

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត ធនាគារជាតិរវ៉ាន់ដា កាលពីថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរវ៉ាន់ដា តបតាមការអញ្ជើញរបស់ ឯកឧត្តម John RWANGOMBWA ទេសាភិបាល ធនាគារជាតិរវ៉ាន់ដា។

ឯកឧត្តម ទេសាភិបាលរង ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព” ដោយបានចែករំលែកបទពិសោធន៍របស់ ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ដែលជាប្រព័ន្ធកន្លោងនៃប្រព័ន្ធទូទាត់សងប្រាក់នៅប្រទេសកម្ពុជា គំរូបរិច្ឆិនភាពខេអេចឃ្យូរអ (KHQR) និងប្រព័ន្ធទូទាត់ឆ្លងដែនជាដើម។ 

បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសម្រួលឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី មានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក្នុងភាពអំណោយផលនៃកត្តាសន្តិភាព ដែលជាមូលដ្ឋានសំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពផងដែរ៕