ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ
០៣ មិថុនា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ។ ជំនួបនេះបានប្រព្រឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរាជទូត នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី ៣ ខែមិថុនា ឆ្នាំ២០២៤។ 
ឯកឧត្តម អគ្គរាជទូត បានថ្លែងអំណរគុណលោកជំទាវ ដែលបានឆ្លៀតឱកាស មកទស្សនកិច្ចនៅនិវេសនដ្ឋានឯកអគ្គរាជទូត ក្នុងដំណើរបំពេញបេសកកម្មរបស់លោកជំទាវនៅប្រទេសបារាំង និងបានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជានិងបារាំង នាពេលថ្មីៗនេះ។ 
លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូត និងបានជម្រាបជូនពីទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលបារាំង ចាប់តាំងពីការកកើត ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ១៩៥៤ រហូតដល់បច្ចុប្បន្ន ជាពិសេស ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំចុងក្រោយនេះ ដែលធនាគារកណ្តាលបារាំងបានបញ្ជូនជំនាញការមកចូលរួមចំណែកអភិវឌ្ឍ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាវិស័យធនាគារនៅប្រទេសកម្ពុជា។ 
លោកជំទាវបានលើកឡើងផងដែរ អំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) តាមរយៈកិច្ចប្រជុំនិងវេទិកាផ្សេងៗ ដើម្បីលើកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។ 
ម៉្យាងទៀត លោកជំទាវ ទេសាភិបាល ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត អំពីការអភិវឌ្ឍនៃវិស័យធនាគារ និងការចូលរួមចំណែកក្នុងកិច្ចការការទូតឌីជីថល តាមរយៈការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ ក៏ដូចជាចែករំលែកបទពិសោធន៍កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដូចជា ជាមួយប្រទេសនៅអាស៊ាន ចិន ឥណ្ឌា អាហ្វ្រិក (រវ៉ាន់ដា) អូសេអានី (កោះសូឡូម៉ុន ហ្វីជី) ជាដើម៕