ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចសារមន្ទីរសេដ្ឋកិច្ច (Citéco) នៃធនាគារកណ្តាលបារាំង
០៣ មិថុនា ២០២៤
០៣ មិថុនា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចសារមន្ទីរសេដ្ឋកិច្ច (Citéco) នៃធនាគារកណ្តាលបារាំង នៅទីក្រុងបារីស ប្រទេសបារាំង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការទទួលបដិសណ្ឋារកិច្ចដោយលោក Philippe Gineste ប្រធានសារមន្ទីរ។
ទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរនៃធនាគារកណ្តាលទាំងពីរ។ សារមន្ទីរ Citéco ត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ ដើម្បីផ្តល់ចំណេះផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរូបិយវត្ថុ ជាពិសេសចំពោះយុវជន។
លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារមន្ទីរ Citéco ដែលកន្លងមកបានចែករំលែកបទពិសោធន៍និងមានកិច្ចសហការល្អជាមួយសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា៕