៣០ កក្កដា ២០១៤
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១ ស្តីពី “ការពង្រីកការផ្តល់ហិរញ្ញប្បទាននិងការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។ សន្និសីទប្រចាំឆ្នាំ២០១៤នេះ មានគោលបំណងរួមចំណែកពង្រឹងនិងអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងការពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើម៉ាក្រូសេដ្ឋកិច្ចនិងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ប្រធានបទនៃសន្និសីទនេះ ត្រូវបានជ្រើសរើសឡើងស្របពេលដែលស្ថិរភាពហិរញ្ញវត្ថុនិងការពង្រីកការផ្តល់សេវាហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនិងតំបន់ ថាជាកត្តាចម្បងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ សេដ្ឋកិច្ចកម្ពុជាកំពុងឈានចូលទៅក្នុងតំណាក់កាលថ្មីនៃការអភិវឌ្ឍរីកចម្រើន និងកំពុងជួបប្រទះទាំងកាលានុវត្តភាពនិងបញ្ហាប្រឈមដែលទាមទារឲ្យមានការស្វែងយល់ឲ្យបានស៊ីជម្រៅ ។ ទន្ទឹមនេះ វិស័យហិរញ្ញវត្ថុបានអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងទំហំនិងវិសាលភាពជាមួយនឹងភាពប្រទាក់ក្រឡាជាសកលនិងតំបន់កាន់តែស៊ីជម្រៅ និងមានហានិភ័យ។
ដើម្បីធានាថា វិស័យហិរញ្ញវត្ថុអាចគាំទ្រកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយចីរភាពនិងបរិយាប័ន្នវិធានការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចទាមទារឲ្យមានការពិចារណានិងថ្លឹងថ្លែងដោយអ្នកធ្វើគោលនយោបាយ ។សម្រាប់រយៈពេលទៅមុខទៀត សន្និសីទប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជានឹងបន្តជាវេទិកាសម្រាប់ពិភាក្សាគោលនយោបាយសាធារណៈសម្រាប់ស្ថាប័នដែលពាក់ព័ន្ធក្នុងការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ទៅលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ។
សន្និសីទថ្ងៃនេះ មានប្រធានបទចំនួន៣ ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖ i). បរិយាប័ន្នហិរញ្ញ-វត្ថុនៅកម្ពុជា ii). កម្ពុជានិងលំហូរទុន: Leaning Against the Wind? និង iii). ការអភិវឌ្ឍជនបទនិងតម្រូវការឥណទាននៅកម្ពុជា។
ការរកឃើញ កិច្ចពិភាក្សា និងអនុសាសន៍ពីសន្និសីទនេះ នឹងផ្តល់ជាធាតុចូលនិងចំណុចពិចារណាសម្រាប់ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយសម្រាប់គាំទ្រនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលអាចផ្តល់ឲ្យនូវកំណើនប្រកបដោយបរិយាប័ន្ន ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រកម្ពុជា ។