១១ មិថុនា ២០២៤
លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍគម្រោង Financial Transparency Corridor (FTC)” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានវត្តមានចូលរួមពី គណៈប្រតិភូតំណាងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដឹកនាំដោយលោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបមកពីស្ថាប័ន និងភាគីពាក់ព័ន្ធនានា។ គម្រោង FTC ត្រូវបានផ្តួចផ្តើមឡើងក្រោមក្របខណ្ឌនៃកិច្ចសហការប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីធានាតម្លាភាព និងលទ្ធភាពក្នុងការប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា និងសិង្ហបុរី។
គម្រោងនេះក៏ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនៅប្រទេសកម្ពុជា និងសិង្ហបុរី ក្នុងការចែករំលែក និងប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសទាំងពីរ សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី ក៏ដូចជាក្នុងតំបន់។ សម្រាប់ជំហានបន្ទាប់ គម្រោង FTC នឹងបញ្ចូលការគាំទ្រហិរញ្ញវត្ថុបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្មផងដែរ ដើម្បីលើកកម្ពស់និរន្តរភាព និងសមត្ថភាពពាណិជ្ជកម្មនាំចេញរវាងប្រទេសទាំងពីរ៕