ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Veronica Bacalu អនុប្រធានការិយាល័យយុទ្ធសាស្ត្រជំនួយបច្ចេកទេសនៃនាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន (MCM) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ
១៩ មិថុនា ២០២៤

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Veronica Bacalu អនុប្រធានការិយាល័យយុទ្ធសាស្ត្រជំនួយបច្ចេកទេសនៃនាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន (MCM) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ 

ក្នុងជំនួបនេះ លោកស្រី Veronica Bacalu បានថ្លែងអំណរគុណចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលកន្លងមក ជាពិសេសក្នុងការងារតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងការគ្រប់គ្រងសន្ទនីយភាព។ ជាការឆ្លើយតប ឯកឧត្តម ទេសាភិបាលរង  ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានជួយធនាគារជាតិនៃកម្ពុជាក្នុងការកសាងសមត្ថភាព តាមរយៈការបញ្ចូនជំនាញការមកធ្វើការដោយផ្ទាល់ជាមួយមន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ការចុះបេសកកម្មតានដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការផ្តល់ជូនវគ្គបណ្តុះបណ្តាលដើម្បីចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ ការផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា និងការផ្តល់នូវអនុសាសន៍គោលនយោបាយល្អៗសម្រាប់រៀបចំគោលនយោបាយនិងបទបញ្ញត្តិ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ 

ភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគតផងដែរ។