២០ មិថុនា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី៣០ ពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សុិក។
កិច្ចប្រជុំហ្វ្រង់កូហ្វូនក្នុងឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលចំនួន ២០ នៃប្រទេសចំនួន ៤០ នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។ អង្គប្រជុំបានពិភាក្សាលើ 1- ការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងស្ថានភាពមិនប្រាកដប្រជា និងមានហានិភ័យក៏ដូចជាដំណើរវិវដ្តថ្មីៗ 2- ការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ 3- ការបែងចែកភូមិសាស្ត្រនយោបាយ 4- ការពង្រឹងសុវត្ថិភាពសាយប័រ និង 5- ឯករាជ្យភាពរបស់ធនាគារកណ្តាល។
ក្នុងឱកាសនោះ លោកជំទាវក៏បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមក្នុងបណ្តាញថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង, ការអនុវត្តគោលការណ៍គាំទ្រការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធធនាគារ និងការវិនិយោគទុនបម្រុងអន្តរជាតិលើសញ្ញាបណ្ណបៃតង ជាដើម។ លើសពីនេះ លោកជំទាវក៏បានលើកមតិយោបល់ ក្នុងការជំរុញឱ្យមានការចូលរួមបន្ថែមទៀតរបស់មូលនិធិនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ក្នុងការគាំទ្រផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងពង្រឹងកិច្ចសហការនិងសាមគ្គីភាពលើការគាំទ្រគម្រោងវិនិយោគបៃតង ដោយការទិញសញ្ញាបណ្ណបៃតងទៅវិញទៅមកជាដើម។
គួររំលេចផងដែរថា កិច្ចប្រជុំហ្វ្រង់កូហ្វូនត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូន និងផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងធនាគារកណ្តាល៕