២៥ មិថុនា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី” នៅអគារធនាគារជាតិនៃកម្ពុជា សែន សុខ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី។ អនុស្សរណៈនៃការយោគយល់នេះ ក៏នឹងបន្តចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ - ២០២៥ និងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤ - ២០២៨ ផងដែរ។