ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យ Tetsuya Watanabe
២៨ មិថុនា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យ Tetsuya Watanabe ដែលជាប្រធានវិទ្យាស្ថាន ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញហិរញ្ញប្បទានបៃតង និងតួនាទីរបស់ មជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។ 

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត ទេសាភិបាល បានស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ក្នុងក្តីរំពឹងថាមជ្ឈមណ្ឌលនេះនឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រដល់ការរៀបចំនិងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមជាមួយគម្រោងសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ របស់មជ្ឈមណ្ឌលនេះផងដែរ។ 

លោកជំទាវបណ្ឌិត ទេសាភិបាល បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីយ៉ាងសកម្មរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងយន្តការគាំទ្រនានា សំដៅជំរុញការកៀរគរហិរញ្ញប្បទានបៃតង សម្រាប់ការវិនិយោគ និងសកម្មភាពទប់ទល់ការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកទ្បើងពីបញ្ហាប្រឈមនៃដំណើរការស្វែងរកហិរញ្ញប្បទានបៃតង ពីប្រភពអន្តរជាតិ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងយន្តការប្រមូលផ្តុំនៅក្នុងកម្រិតតំបន់ (Regional Collective Mechanisms) ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ។