០៣ កក្កដា ២០២៤
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទស្តីពី “ការដាក់ឱ្យដំណើរការនូវគម្រោង Universal Trusted Credentials (UTC)៖ បទពិសោធន៍ និងបញ្ហាប្រឈម នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Zurich ប្រទេសស្វ៊ីស។
កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងនៅក្នុងវេទិកាចំណុចសូន្យ (Point Zero Forum) ដែលជាវេទិកាពិភាក្សាដ៏ធំមួយលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤ និងមានការចូលរួមពីថ្នាក់ដឹកនាំមកពីធនាគារកណ្តាល និយ័តករ អ្នកតាក់តែងគោលនយោបាយ និងអ្នកដឹកនាំផ្នែកវិស័យឯកជន ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពនិងបញ្ហាប្រឈមនៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ។
នៅក្នុងកិច្ចពិភាក្សាតុមូល ឯកឧត្តម ទេសាភិបាលរង បានចែករំលែកព័ត៌មានពីស្ថានភាពនៃសហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) នៅកម្ពុជា និងតួនាទីរបស់ MSMEs ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបញ្ហាប្រឈមជារួមរបស់ MSMEs ជាពិសេស ពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រ MSMEs តាមរយៈការដាក់ចេញនូវគោលនយោបាយនានា ដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក របស់ MSMEs និងការបង្កើនការងារក្នុងវិស័យនេះ។ តាមរយៈវេទិការតុមូលនេះ គម្រោង UTC នឹងត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតនូវប្រព័ន្ធទិន្នន័យមួយដែលមានភាពរឹងមាំ សំដៅជួយ MSMEs ដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការទទួលបានហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
គួររំលេចថា គម្រោង UTC គឺជាគំនិតផ្តួចផ្តើមរបស់កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដោយសហការជាមួយធនាគារកណ្តាលនៅអាស៊ី អាហ្រ្វិក និងអឺរ៉ុប ព្រមទាំងមានការចូលរួមពីស្ថាប័នសាធារណៈនិងឯកជនផ្សេងទៀត ដើម្បីបង្កើតប្រព័ន្ធទិន្នន័យ និងជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ធុរកិច្ច ជាពិសេស MSMEs។