ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) ដឹកនាំដោយលោកជំទាវ ញ៉ែត ស្រីអូន ដែលជាប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
១១ កក្កដា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) ដឹកនាំដោយលោកជំទាវ ញ៉ែត ស្រីអូន ដែលជាប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវ ប្រធានសមាគម បានជម្រាបជូនលោកជំទាវ ទេសាភិបាល ពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគមដែលមានសមាជិកសរុបជាង ៩០០នាក់ ព្រមទាំងបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីនានាដើម្បីអាចឱ្យសមាជិកសមាគមបង្កើតគណនីសហគ្រាសជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការបានដោយរលូនផងដែរ។ លោកជំទាវប្រធានបានបញ្ជាក់ថា គិតមកទល់ពេលនេះសមាជិកសមាគមភាគច្រើននៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់ការទូទាត់នៅឡើយ។ 

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានជម្រាបជូនគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាងកាន់តែរឹងមាំ និងតម្លាភាពក្នុងប្រតិបត្តិការទិញ-លក់គ្រឿងអលង្ការ ឬត្បូងមានតម្លៃ។ លោកជំទាវទេសាភិបាលបន្ថែមថា ការជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អាចបើកគណនីក្នុងនាមសហគ្រាសនឹងជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការកៀងគរអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស។ 

លោកជំទាវបណ្ឌិតបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងយកសំណើរនេះទៅពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានា។