ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
១៦ កក្កដា ២០២៤

ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ បង្កើនស្មារតីប្រុងប្រយ័ត្ន និងការពារពីអំពើឆបោកផ្នែកហិរញ្ញវត្ថុនៅតាមសហគមន៍។ 

សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានប្រតិបត្តិការក្នុងខេត្តរតនគិរី។ 

ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាលរង បានលើកឡើងពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ដំណើរកកើតឡើងវិញនិងការវិវត្តនៃប្រព័ន្ធធនាគារកម្ពុជា សារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ច ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ កិច្ចប្រតិបត្តិគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។ លើសពីនេះ អង្គសិក្ខាសាលាក៏បានពិភាក្សា និងលើកសំណួរ ក៏ដូចជាសំណូមពរយ៉ាងផុលផុសពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាដែលអ្នកចូលរួមបានជួបប្រទះក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។