ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក)
១៨ កក្កដា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់បន្ថែមពីវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រការលើកកម្ពស់ការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុផ្លូវការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រធាន គ.ស.អ.ស.ក បានមានប្រសាសន៍ថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។ 

ឯកឧត្តមលើកឡើងថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ ដូច្នេះហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធអាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំនិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។ 

ឯកឧត្តមរដ្ឋមន្រ្តីប្រធាន គ.ស.អ.ស.ក បានសាទរចំពោះវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ដែលបានវិវឌ្ឍល្អស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕