១៩ កក្កដា ២០២៤
ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដោយមានការចូលរួមពីមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៣៣០រូប។
សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆមាសទី១ និងទិសដៅការងារចម្បងៗសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។
លោកជំទាវទេសាភិបាលបានថ្លែងទៅកាន់អង្គសន្និបាតពីដំណើរវិវត្តន៍នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងពីកម្រិតទាបនៃអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារ ព្រមទាំងវឌ្ឍនភាពនៃប្រព័ន្ធធនាគារដែលរក្សាបានភាពធន់ ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់បាគង Bakong កាន់តែប្រសើរ និងសកម្មភាពកាន់តែច្រើនក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុផងដែរ។