ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងមតិសំណេះសំណាល ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម
២៧ កក្កដា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងមតិសំណេះសំណាល ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម (ហៅវត្តតូប) នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីនេះ លោកជំទាវបានអំពាវនាវពុទ្ធបរិស័ទឱ្យចូលរួមថែរក្សាការពារសមិទ្ធផលក្នុងវត្តឱ្យបានគង់វង្សទុកជាសម្បត្តិរួម ព្រមទាំងស្នើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលេចថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗ ព្រមទាំងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម ចិញ្ចឹមសត្វ និងទេសចរណ៍ជាដើម។