០១ សីហា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។
នេះជាកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេចលើខ្លឹមសារនៃរបាយការណ៍ សំដៅអាចបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ឱ្យបានទាន់ពេលវេលា។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទៅលើខ្លឺមសាររួមនៃរបាយការណ៍ និងបានស្នើឱ្យក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តពិភាក្សាកែសម្រួលពាក្យពេចន៍មួយចំនួនឱ្យមានសង្គតិភាព មុននឹងស្នើសុំការអនុម័តពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ។