ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Dorji Phuntsho នាយកប្រតិបត្តិ ផ្សារមូលបត្រប៊ូតង់ (RSEB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
០៧ សីហា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Dorji Phuntsho នាយកប្រតិបត្តិ ផ្សារមូលបត្រប៊ូតង់ (RSEB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោក Dorji Phuntsho បានលើកឡើងពីគោលបំណងក្នុងការសិក្សាស្វែងយល់អំពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ជាពិសេសប្រព័ន្ធបាគង និងបានកោតសរសើរអំពីវឌ្ឍនភាពនៃប្រព័ន្ធនេះនាពេលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំពីសំណាក់លោកជំទាវទេសាភិបាល។ លោក Dorji ក៏បានជម្រាបជូនថាប្រព័ន្ធបាគង មានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ហើយកំពុងក្លាយជាករណីគំរូមួយ សម្រាប់យកទៅសិក្សាអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់បែបឌីជីថល នៅតាមបណ្តាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុនៃប្រទេសដទៃផ្សេងៗ។ ជាចុងក្រោយ លោក Dorji ក៏បានឆ្លៀតយកឱកាសនេះស្នើអញ្ជើញលោកជំទាវទេសាភិបាល ចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកពីបទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធបាគង ក្នុងវេទិកានវានុវត្តន៍ប៊ូតង់ (Bhutan Innovation Forum) ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខផងដែរ។ 

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់គណៈប្រតិភូផ្សារមូលបត្រប៊ូតង់ ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារផ្នែកប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានស្វាគមន៍ចំពោះការស្នើឡើងអំពីកិច្ចសហប្រតិបត្តិការនានា រួមទាំងការសិក្សាស្វែងយល់អំពីការអភិវឌ្ឍប្រព័ន្ធបាគង។ បន្ថែមពីលើនេះ លោកជំទាវក៏បានផ្តល់ការឯកភាពជាគោលការណ៍លើសំណើអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកានវានុវត្តន៍ប៊ូតង់ នាពេលខាងមុខផងដែរ។