០៦ សីហា ២០២៤
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តម អគ្គលេខាធិការ ជា សេរីវឌ្ឍ នារសៀលថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តម យឹម លាត បានលើកឡើងពីការរួមចំណែកយ៉ាងសំខាន់របស់ក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលក្នុងនោះរួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។ ឯកឧត្តម ទេសាភិបាលរង បានស្នើឱ្យមានកិច្ចសហការសិក្សាលទ្ធភាពលើការកំណត់តម្លៃជាប្រាក់រៀលចំពោះទំនិញនិងសេវានានានៅក្នុងវិស័យទូរគមនាគមន៍ និងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ប្រាក់រៀលនៅក្នុងវិស័យនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តម អគ្គលេខាធិការ ជា សេរីវឌ្ឍ បានស្វាគមន៍ចំពោះការពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងទទួលយកសំណើខាងលើទៅសិក្សាតាមលទ្ធភាពជាក់ស្តែង ជាពិសេសលើការពិនិត្យលទ្ធភាពពិភាក្សាជាមួយខាងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ សម្រាប់ជំហានដំបូង។
ឯកឧត្តម អគ្គលេខាធិការ ក៏បានកោតសរសើរការដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងធ្វើឱ្យការទូទាត់ប្រព្រឹត្តទៅដោយប្រសិទ្ធភាពផងដែរ៕