១៣ សីហា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេវាធនាគារនិងហិរញ្ញវត្ថុ (ក្រុម “ង”) ដែលមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធានតំណាងវិស័យឯកជន នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសរុបប្រមាណ ១១០ រូប។ កិច្ចប្រជុំមានគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងពិភាក្សារកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជនជួបប្រទះកន្លងមក សំដៅបន្តរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។