ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “ស្ថិរភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យ” និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ ថ្នាក់ទេសាភិបាលរងនៃធនាគារកណ្តាល ដែលជាសមាជិករបស់មជ្ឈមណ្ឌលស៊ាសិន
១៣ សីហា ២០២៤

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “ស្ថិរភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យ”  និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ ថ្នាក់ទេសាភិបាលរងនៃធនាគារកណ្តាល ដែលជាសមាជិករបស់មជ្ឈមណ្ឌលស៊ាសិន កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សិក្ខាសាលាជាន់ខ្ពស់នេះ ក៏មានការចូលរួមផងដែរពីតំណាងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងស្ថិរភាពហិរញ្ញវត្ថុនិងការត្រួតពិនិត្យធនាគារ រួមមាន ការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការស្រូបយកការខាតបង់នៅគ្រាមានវិបត្តិ ហានិភ័យ និងទស្សនវិស័យចំពោះរូបិយវត្ថុគ្រីបតូ ប្រភពទុនសម្រាប់គាំទ្រការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង បញ្ហាប្រឈមក្នុងការរៀបចំបទប្បញ្ញត្តិដើម្បីឆ្លើយតបនឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ការតាមដានការប្រែប្រួលលំហូរមូលធន និងទស្សនវិស័យនិងហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុតំបន់។

ទន្ទឹមនេះ កិច្ចប្រជុំថ្នាក់ទេសាភិបាលរងបានពិភាក្សាពីលទ្ធផលនៃការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលស៊ាសិនក្នុងឆ្នាំ២០២៤ និងផែនការបណ្តុះបណ្តាលឆ្នាំ២០២៥ ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលដែលជាសមាជិករបស់មជ្ឈមណ្ឌលស៊ាសិន។