១៤ សីហា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ផាក ជុងវុក បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ ឯកឧត្តមបន្ថែមថា កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែលក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លើសពីនេះ ឯកឧត្តម ក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណចំពោះការផ្តល់កិច្ចសហប្រតិបត្តិការល្អពីភាគីកូរ៉េនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ជាងនេះទៀត លោកជំទាវទេសាភិបាលក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ។
ជារួម លោកជំទាវទេសាភិបាល និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលភាគីសម្រេចបាន និងប្តេជ្ញាបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធថែមទៀត៕