០៩ កញ្ញា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBC នៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូលនិងស្រាវជ្រាវព័ត៌មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។ លោក Katsufumi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ SMBC ក្នុងការរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគនៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យនេះ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងរបស់ធនាគារ SMBC អំពីឆន្ទៈក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យពិចារណាពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជាកាន់តែទូលំទូលាយ ដោយបង្កើនទំហំប្រតិបត្តិការទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ បន្ថែមលើវត្តមានការិយាល័យតំណាងដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្មក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាល និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាពគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាលើសញ្ញាប័ណ្ណបៃតងជាដើមផងដែរ៕