១០ កញ្ញា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Inc. ដឹកនាំដោយលោក Arturo Planell អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Arturo បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រតិបត្តិការប្រព័ន្ធបាគង (Bakong) និងបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្មីៗនេះ។ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រក្នុងដំណើរការគម្រោងនេះ សំដៅចូលរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀលផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ការគាំទ្រគំនិតផ្តួចផ្តើមនានាទាក់ទងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានរំលេចពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យប្រតិបត្តិការទូទាត់នេះ សម្រាប់ការវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរ សំដៅបង្កើតជាមូលដ្ឋានរឹងមាំ ក្នុងការរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ លោកជំទាវក៏បានលើកឡើងពីវិសាលភាពនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដែលអាចប្រើប្រាស់នៅប្រទេសដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយដូចជា ប្រទេសថៃ វៀតណាម និងឡាវ និងបណ្តាប្រទេសជាច្រើនទៀតនាពេលឆាប់ៗខាងមុខ។
នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោក Arturo ក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល ព្រមទាំងការពង្រឹងសុវត្ថិភាពប្រតិបត្តិការទូទាត់ ស្របតាមបរិការណ៍នៃការវិវឌ្ឍនៃបច្ចេកវិទ្យាផងដែរ៕