ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ២០២៤ ក្រោមទស្សនាទាន “បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព”
១៨ កញ្ញា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ២០២៤ ក្រោមទស្សនាទាន “បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

 

ក្រោមកិច្ចសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា វេទិកានេះប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។

 

នៅក្នុងព្រឹតិ្តការណ៍នេះក៏មានកម្មវិធីពិព័រណ៍ សិក្ខាសាលា និងកិច្ចពិភាក្សា ដែលមានការចូលរួមចែករំលែកពីវាគ្មិនជំនាញៗ ដោយផ្ដោតសំខាន់ទៅលើការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមមាន បញ្ញាសិប្បនិម្មិត និងប្លុកឆេន ក៏ដូចជាតួនាទីនៃគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។