ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
១៨ កញ្ញា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS)។ 

ក្នុងជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងម៉ាឡេស៊ី និងទំនាក់ទំនងល្អរវាងធុរជននៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការតាំងចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។ នាឱកាសនេះដែរ ឯកឧត្តម ក៏បានលើកសសើរពីការរៀបចំបានយ៉ាងល្អនៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងមណ្ឌលសិក្សាបច្ចេកទេសធនាគារ របស់ធនាគារជាតិនៃកម្ពុជា។ 

លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះឯកឧត្ដមឯកអគ្គរាជទូត សម្រាប់បេសកកម្មការងារប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យ ធនាគារ ដែលបានរួមចំណែកជំរុញកំណើនវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ លោកជំទាវក៏បានរំលេចពីវត្តមានគ្រឹះស្ថានធនាគារធំៗជាច្រើនរបស់ម៉ាឡេស៊ី ដែលបានវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការជាបន្តបន្ទាប់ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អផ្នែកប្រព័ន្ធទូទាត់ឆ្លងដែន។ ជាក់ស្តែង  ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ 

ជារួម លោកជំទាវទេសាភិបាល និងឯកឧត្ដមឯកអគ្គរាជទូត បានឯកភាពបន្តកិច្ចសហការរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕