១៧ កញ្ញា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មថ្មីរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក Kenichiro Kashiwase បានជម្រាបជូនលោកជំទាវទេសាភិបាលពីគោលបំណងនៃបេសកកម្មក្នុងរយៈពេល ៣ សប្តាហ៍នេះថា ជាបេសកកម្មមាត្រាទី IV នៃ IMF ប្រចាំឆ្នាំ២០២៤ ដោយមានគោលបំណងវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗសម្រាប់រួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានបេសកកម្មក៏បានអបអរសាទរលទ្ធផលល្អរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យធនាគារ និងការរីកចម្រើនប្រព័ន្ធទូទាត់នៅកម្ពុជា។
នៅក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានស្វាគមន៍លោក Kenichiro Kashiwase និងក្រុមបេសកកម្មរបស់ IMF ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពសេដ្ឋកិច្ចក៏ដូចជាវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤។ បន្ថែមលើនេះ លោកជំទាវរង់ចាំលទ្ធផលនៃបេសកកម្មមាត្រាទី IV និងពិភាក្សាលើការវាយតម្លៃក៏ដូចជាអនុសាសន៍ដែលនឹងលើកឡើង។ លោកជំទាវក៏បានថ្លែងអំណរគុណ IMF ដែលតែងតែគាំទ្រ ធនាគារជាតិនៃកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយបច្ចេកទេសនានា។