០៧ តុលា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។
ក្នុងឱកាសនេះដែរ លោក Robert Kaproth បានជម្រាបជូនលោកជំទាវអំពីកិច្ចសហការផ្តល់ការសម្របសម្រួលមួយចំនួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារក្រសួង សំដៅស្វែងរកលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការលើក្របខណ្ឌជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា។ លើសពីនេះ លោកក៏បានជម្រាបសួរពីវឌ្ឍនភាពនៃការធ្វើបដិដុល្លារូបនីយកម្មនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានថ្លែងអំណរគុណចំពោះការលើកឡើងពីលទ្ធភាពបន្តជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងគោលដៅគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវក៏បានលើកឡើងពីការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងផងដែរ។