២២ តុលា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ៖ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចពិភាក្សានេះមានវត្តមានចូលរួមពីវាគ្មិនជំនាញដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន ឯកឧត្តម Robert Holzmann ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស ឯកឧត្តម Christian Noyer ទេសាភិបាលកិត្តិយស ធនាគារកណ្តាលបារាំង និងឯកឧត្តម Mohammed A. El-Kuwaiz ប្រធានអាជ្ញាធរទីផ្សារមូលធនអារ៉ាប៊ីសាអូឌីត។
កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសាកល និងកត្តាប្រឈម ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។ នាឱកាសនេះ លោកជំទាវបណ្ឌិតទេសាភិបាល បានចែករំលែកទស្សនាទានអំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតឥទ្ធិពលនៃការវិវឌ្ឍនោះមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួនដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។